ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសគាំទ្រចំពោះ គម្រោងកែច្នៃសំរាម ទៅជាថាមពល របស់ក្រុមហ៊ុនអេកូខាមរបស់កូរ៉េនៅប្រទេសកម្ពុជា។

បើតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្រេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្រោយជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ប៉ាក ហឹងឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ថា លោក PARK Heung-Kyeong បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីរាជការ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ បានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ញ៉ាំងឱ្យបេសកកម្មការទូតរបស់លោក នៅកម្ពុជា ទទួលបានជោគជ័យ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កាន់តែរីកចម្រើនឡើងថែមទៀត ជាពិសេសតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសកូរ៉េ និងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េ មកកាន់កម្ពុជា, ការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេស ដំណើរការឆ្លងនៃគម្រោងសាងសង់ស្ពានមិត្តភាពសាធារណរដ្ឋកូរ៉េ-កម្ពុជា ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិក្សត្រ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក PARK Heung-Kyeong បានគោរពសុំការគាំទ្រអំពី សម្ដេចតេជោ ហ៊ុន សែន នូវគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម ។ចំពោះករណីគម្រោងកែច្នៃសំរាម ទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខាមនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រ ហើយបានជូនលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការងារជាបន្តជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ