គម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេ ទៅសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ហើយគ្រោងចំណាយ ១,៧០០លានដុល្លារ
ភ្នំពេញ ៖ ទីបំផុតគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលជាគម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងចំណាយពេល៤ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
មុននឹងការអនុម័តលើគម្រោងនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកការជជែកដេញដោលគ្នាយ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការពន្យល់នានាពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។
កិច្ចពិភាក្សាបានធ្វើឡើងតាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោងជាង ១រសៀល។ ជាមួយនឹងការអនុម័តនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធផលប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្រ និងបន្តពិភាក្សាជាមួយគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។
គម្រោងនេះ ត្រូវបានដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់»។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មានគោលបំណងពង្រីកនូវវិសាលភាពនៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលបាននិងកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដែលប្រើប្រាស់រយៈពេលសរុប ២៦ខែ រួមមាន៖ ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល ១៤ខែ និងដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល ១២ខែ៕EB
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០