អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលសារសំឡេងថា រាជរដ្ឋាភិបាលគ្រោងបិទ រាជធានីភ្នំពេញ ដើម្បីប្រឆាំងកូវីដ-១៩
ភ្នំពេញ ៖ អង្គភាពអ្នក នាំពាក្យ រាជរដ្ឋាភិបាល ប្រកាសច្រានចោលទាំងស្រុង នូវសារជាសំឡេង ដែលលាក់ប្រភព ត្រូវបានចែកចាយតាមបណ្ដាញសង្គម ផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ» ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលវីរុស កូវីដ-១៩។
អ្នក នាំពាក្យ លើកឡើងបែបនេះ ក្រោយពីសារសំឡេងជាស្ដ្រី បានចែកចាយក្នុងបណ្ដាញ សង្គមហ្វេសប៊ុក ថា «បងបានទទួលព័ត៌មាន មួយជាផ្លូវការ ចាំប្រាប់បងប្អូនយើងទាំងគ្នាណា ខាងចិនគេមកជួយខ្មែរនឹង ឥឡូវគេសំណូមពរឲ្យ សម្ដេច ហ៊ុន សែន ក្នុងថ្ងៃទី២៥ ទៅនឹង ឲ្យបិទផ្សារ ឲ្យបិទភោជនីយដ្ឋាន បិទអីទាំងអស់»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា «សូមច្រានចោលទាំងស្រុង នូវសារជាសំឡេងដែលលាក់ប្រភព ត្រូវបានចែកចាយតាមបណ្ដាញសង្គម ផ្សព្វផ្សាយថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុស កូវីដ-១៩»។
បន្ថែមពីនេះ អង្គភាពអ្នកនាំពាក្យ លើកឡើងថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជម្ងឺវីរុស កូវីដ-១៩ ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាន ក៏ដូចជា ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ជាច្រើនរូប ជាអនុប្រធាន រួមទាំង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលវីរុស កូវីដ-១៩។
អង្គភាពអ្នកនាំពាក្យ អំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឲ្យមានភាពចលាចលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួសហេតុ ដោយមិនសមហេតុសមផល ។
អង្គភាពអ្នកនាំពាក្យ សូមបញ្ជាក់ថា ប្រភពព័ត៌មានពិតប្រាកដ និងផ្លូវការពីស្ថានការណ៍វីរុសកូវីដ -១៩ គឺជាប្រភពចេញពីក្រសួងសុខាភិបាល។ លើសពីនេះទៀត ប្រសិនបើប្រជាពលរដ្ឋទាំងអស់ មានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល១១៥ ឬលេខទូរស័ព្ទទាន់ហេតុការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ០៧០ ៤០៤ ៩៨៤, ០៨៨ ៧ ០៣៧ ៩៧២, ០៧៨ ៦៣១ ៦៦៩ ៕