សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជា មានសុខសន្តិភាព១០០% ដូច្នេះត្រូវជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានសុខសន្តិភាព ១០០% ដូច្នេះត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ ឱ្យខានតែបាន។
ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ខ្មាំងសត្រូវក្នុងសម័យសន្តិភាព គឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ អ៊ីចឹង ក្នុងជីវិតរបស់យើង ក្នុងបរិបទដែលប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថិរភាព ១០០% យើងត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ»។
សម្ដេចក្រឡាហោម បន្ដថាព្រោះកម្ពុជាមានថ្នាក់ដឹកនាំ និងធនធានមនុស្សប្រកបដោយសមត្ថភាព និងចំណេះដឹងនេះហើយ បានធ្វើឱ្យការរៀបចំកិច្ចប្រជុំអាស៊ានប្រព្រឹត្តទៅជោគជ័យ។
មានប្រសាសន៍អំពីកិច្ចប្រជុំអាស៊ាន សម្ដេចក្រឡាហោម ស ខេង បានថ្លែងពីមោទកភាពជាតិចំពោះភាពជោគជ័យ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះរបស់កម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ ក្នុងនោះក៏បង្ហាញឱ្យឃើញពីស្នាដៃកងកម្លាំងចម្រុះក្នុងការថែរក្សាការសន្តិសុខ និងសណ្ដាប់ធ្នាប់ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដូចជាការបិទចរាចរណ៍ជាដើម។ សម្ដេចបន្តថា តាមរយៈភាពជោគជ័យនេះ កម្ពុជានឹងសម្រេចវឌ្ឍនភាពផ្សេងៗទៀត ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ