ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា​ បានណែនាំអាជ្ញាធរមូលដ្ឋានត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបាន​ ដោយគ្មានការប្រកាន់បក្សពួក ឬនិន្នាការនយោបាយឡេីយ។

ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៅវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង​ នាថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២២​សម្ដេច​ ស​ ខេង​ បានទាញការចាប់អារម្មណ៍មេឃុំ ចៅសង្កាត់ និងស្មៀន ត្រូវខិតខំពង្រឹងគុណភាពនៃការបំពេញការងារ ដើម្បីធានាឱ្យការផ្ដល់សេវាផ្សេងទៀតក្នុងមូលដ្ឋានមានភាពល្អប្រសើរ។

សម្ដេច​ បញ្ជាក់ថា​ “អាជ្ញាធរមូលដ្ឋានទាំងអស់ ខិតខំបំពេញតួនាទីភារកិច្ច និងការទទួលខុសត្រូវឱ្យបានល្អក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ធ្វើជាគម្រូល្អក្នុងការបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយគ្មានការប្រកាន់បក្សពួក និងនិន្នាការនយោបាយ”​។ 

ជាងនេះទៅទៀត​ សម្ដេច​ នាយករដ្ឋមន្ត្រី​ស្ដីទី​ ក៏បានអំពាវនាវប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅខែកក្កដា ឆ្នាំ២០២៣ ហើយប្រសិនបើអត្តសញ្ញាណបណ្ណជិតផុតសុពលភាព ឬហួសសុពលភាព សូមទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់ ដើម្បីបំពេញបែបបទធ្វើអត្តសញ្ញាបណ្ណថ្មីសម្រាប់បម្រើឱ្យការបោះឆ្នោត និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

សម្ដេច​ ក៏ណែនាំឱ្យអ្នកពាក់ព័ន្ធចូលរួមគោរពអនុវត្តទៅតាមច្បាប់បោះឆ្នោត ដើម្បីរួមគ្នាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ