ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកប្រធានាធិបតីបារាំងគឺជាដៃគូសន្ទនាដ៏ស្និទស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នា ក្នុងការពង្រឹងពង្រីកមិត្តភាព រវាង ប្រទេសទាំងពីរ (កម្ពុជានិងបារាំង)។នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាង ដូច្នេះថា «ដៃគូសន្ទនាដ៍ស្និទស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាព រវាងកម្ពុជានិងបារាំង ។ សូមអរគុណអេនុយអែល ដែលបានផ្តល់នូវការស្រឡាញ់ រាប់អាន» ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប និងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ដែលបានធ្វើឡើងនៅសាលសន្និសីទ របស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី១១-១៤ ខែធ្នូ ឆ្នាំ២០២២។

សន្និសីទនេះ មានការអញ្ជើញចូលរួមរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ដែលក្នុងសន្និសីទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។

យោងតាមការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីជំហរ របស់កម្ពុជា ដែលប្រឆាំងនឹងការដែលប្រទេសមួយ រំលោភបំពានទៅលើ បូរណភាព ទឹកដី របស់ ប្រទេសមួយទៀត ហើយ បានប្រកាសគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់ លោកប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុង ការ ស្វែងរក ដំណោះស្រាយ បញ្ចប់សង្គ្រាម តាមរយៈ ការចរចា៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ