សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកវិភាគក្រៅស្រុកថា កុំសង្ឃឹមថា សម្តេចក្រឡាហោម ស ខេង ដណ្តើមអំណាច
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់អ្នកវិភាគនៅក្រៅស្រុកថា កុំរំពឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដណ្តើមអំណាច។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «អាក្មួយ ស៊ន តារា អើយ ! ហ្អែងល្មមធ្វើអ្នកចេះអ្នកដឹងខ្លះទៅ ដល់អញ្ចឹងៗពេក ហ្អែងយ៉ាប់ណាស់»។
សម្តេច បានលើកឡើងថា មនុស្សភាគច្រើនបានមើលទៅ លោក ស៊ន តារា ជាមនុស្សគ្មានបានការណ៍។ ប៉ុន្តែសម្តេចមិនបានប្រើប្រាស់ពាក្យអសុរសចំពោះ លោក ស៊ន តារា នោះទេដោយសារតែ លោក ស៊ន តារា ក៏មិនបានប្រើប្រាស់ពាក្យអសុរសចំពោះសម្តេច ដូចលោក គឹម សុខ នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅ លោក ស៊ន តារា ផងដែរថា កុំឱ្យយកត្រកូល ហ៊ុន ធ្វើជាសត្រូវ ដោយសារតែត្រកូល ហ៊ុន មានបញ្ញវ័ន្តច្រើនណាស់ និងមានចំនួនច្រើនផងដែរ។
សម្តេច បានបន្តថា «កុំស្រមើលស្រមៃថា ស ខេង នឹងដណ្តើមយកអំណាចពី ហ៊ុន សែន កុំសង្ឃឹម ឥឡូវស ខេង កំពុងធ្វើនាយករដ្ឋមន្ត្រីស្តីទី ហើយកុំចេះតែថា ហ៊ុន សែន មកហ្នឹងអត់ផ្ទេរអំណាចឱ្យស ខេង»។
សម្តេច បានចាត់ទុកថា អ្នកទាំងនោះមិនទាន់ចេះធ្វើការងាររដ្ឋ ខណៈសម្តេចបានចេញសេចក្តីសម្រេចបែងចែកតួនាទី និងការទទួលខុសត្រូវជូនឧបនាយករដ្ឋមន្ត្រីទាំងអស់ តាំងពីដើមអាណត្តិម្ល៉េះ ដោយក្នុងនោះ សម្តេចក្រឡាហោម ស ខេង ជានាយករដ្ឋមន្ត្រីស្តីទី ពេលអវត្តមានសម្តេចនៅក្នុងប្រទេស៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ