មេបក្សប្រឆាំង ត្រៀមខ្លួនឈរឈ្មោះជាប្រធានាធិបតីថ្មីរបស់ស្រីលង្កា បន្ទាប់ពីប្រធានាធិបតិលាលែងពីដំណែង
(ស្រីលង្កា)៖ មេដឹកនាំប្រឆាំងដ៏សំខាន់របស់ប្រទេសស្រីលង្កា លោក Sajith Premadasa បានប្រាប់ BBC ថា លោកមានបំណងឈរឈ្មោះជាប្រធានាធិបតី នៅពេលដែលលោក Gotabaya Rajapaksa ចុះចេញពី ដំណែង។ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគណបក្ស Samagi Jana Balawegaya (SJB) របស់លោក បានពិភាក្សា ជាមួយសម្ព័ន្ធមិត្តដើម្បីទទួលបានការគាំទ្រសម្រាប់ការផ្លាស់ប្តូរនេះ។
ប្រទេសស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ដែលបាននាំមនុស្ស រាប់ពាន់នាក់ ធ្វើបាតុកម្មចាប់តាំងពីខែមីនា។ប្រទេសនេះអស់លុយ ហើយកំពុងតស៊ូ ក្នុងការនាំចូលរបស់របរជាមូលដ្ឋានដូចជាអាហារ ប្រេង និងថ្នាំពេទ្យ។អត្រាអតិផរណារបស់ប្រទេសបានឈានដល់ 55% នៅក្នុងខែមិថុនា ហើយមនុស្សរាប់លាន នាក់កំពុងតស៊ូដើម្បីរកប្រាក់ចំណូល។ លោក Premadasa បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងរដ្ឋាភិបាលបណ្តោះអាសន្នគ្រប់ភាគី។
មេដឹកនាំគណបក្ស SJB ត្រូវបានគេរិះគន់ចំពោះការបដិសេធមិនទទួលយកតំណែងនាយករដ្ឋមន្ត្រី នៅពេលដែលត្រូវបានផ្តល់ជូនលោកកាលពីខែមេសា ក្រោយមក គូប្រជែងរបស់លោក គឺលោក Ranil Wickremesinghe ត្រូវបានតែងតាំង ប៉ុន្តែក៏បានបង្ហាញផងដែរថា លោកនឹងលាលែងពីតំណែង ដើម្បីរកផ្លូវសម្រាប់រដ្ឋាភិបាលរួបរួមមួយ៕