(ភ្នំពេញ)៖ នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាថ្ងៃទី១១ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស Antonio Guterres បានអំពាវនាវសាជាថ្មី ដល់របបយោធាមីយ៉ាន់ម៉ា ឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយចាប់ផ្តើមដំណើរការបែបបរិយាប័ន្នភ្លាមៗ ដើម្បីការផ្លាស់ប្ដូរប្រទេសនេះ ត្រឡប់ទៅលទ្ធិប្រជាធិបតេយ្យវិញ។
នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ លោក ហ្គូតេរ៉េស Guterres បានលើកឡើងថា៖ «ស្ថានភាពនយោបាយ សន្តិសុខ សិទ្ធិមនុស្ស និងមនុស្សធម៌ ក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងធ្លាក់ចូលទៅក្នុងមហន្តរាយកាន់តែជ្រៅទៅៗ។ «ខ្ញុំថ្កោលទោសចំពោះកម្រិត នៃការកើនឡើងនៃអំពើហិង្សា ការប្រើប្រាស់កម្លាំងមិនសមាមាត្រ និងស្ថានភាពសិទ្ធិមនុស្សដ៏[គួរឱ្យរន្ធត់]នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
បន្ថែមលើនេះ លោក ហ្គូតេរ៉េស បញ្ជាក់ថា ការវាយប្រហារដោយមិនរើសអើង លើជនស៊ីវិល អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។ «ខ្ញុំសូមអំពាវនាវម្ដងទៀត ដល់អាជ្ញាធរមីយ៉ាន់ម៉ា ឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយចាប់ផ្តើមដំណើរការរួមបញ្ចូលភ្លាមៗ ដើម្បីត្រលប់ទៅការផ្លាស់ប្ដូរលទ្ធិប្រជាធិបតេយ្យវិញ។ នេះគឺជាផ្លូវតែមួយគត់ ដើម្បីសន្តិភាព និងសន្តិសុខ ដ៏ស្ថិតស្ថេរ»។
ទោះយ៉ាងណា អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំស្វាគមន៍..! ចំពោះវិធីសាស្ដ្រជាគោលការណ៍របស់អាស៊ាន តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច ហើយជំរុញឱ្យប្រទេសទាំងអស់ រួមទាំងសមាជិកអាស៊ាន ស្វែងរកយុទ្ធសាស្ត្របង្រួបបង្រួមមួយ ឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតលើតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ា» «ហើយខ្ញុំក៏សូមកោតសរសើរចំពោះការគាំទ្រយ៉ាងខ្លាំងរបស់រដ្ឋជាសមាជិកអាស៊ាន សម្រាប់ការងាររបស់បេសកជនពិសេសរបស់ខ្ញុំប្រចាំប្រទេសមីយ៉ាន់ម៉ា»។
បន្ថែមពីនោះ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស បានសង្កត់ធ្ងន់ថា៖ «ខ្ញុំជំរុញឱ្យប្រទេសអាស៊ាន រក្សាព្រំដែនបើកចំហ និងផ្តល់ការការពារ និងជំនួយដល់ជនភៀសខ្លួនពីមីយ៉ាន់ម៉ា។ ជនភៀសខ្លួនមិនគួរត្រូវបានបង្ខំឱ្យត្រឡប់ទៅរងទុក្ខ និងគ្រោះថ្នាក់នោះទេ។ ហើយខ្ញុំសូមបញ្ជាក់ជាថ្មីពីតម្រូវការសម្រាប់វិធានការបន្ទាន់របស់អាជ្ញាធរមីយ៉ាន់ម៉ា ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្ត របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជិតមួយលាននាក់»។ ស្ថានភាពមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែមានភាពផុយស្រួយ ហើយយើងប្តេជ្ញាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) របស់អាស៊ាន និងដៃគូមនុស្សធម៌ផ្សេងទៀត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ