ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា អាចចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ ២០២៧ ហើយប្រសិនបើអ្វីៗដំណើរការដោយរលូន ការចាកចេញនេះ ស្របនឹងមហិច្ឆតារបស់រាជរដ្ឋាភិបាល។

នាឱកាសអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ «Leaving No One Behind» នាពេលថ្មីៗនេះ នៅទីក្រុងដូហា ប្រទេសកាតា លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ប្រទេសកម្ពុជា បានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ LDC ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

លោករដ្ឋមន្ដ្រី បន្ដថា ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹង ការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ ក៏បានបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជា បើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទានបៃតង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ