ភ្នំពេញ ៖ ក្តីកង្វល់របស់ ប្រជាពលរដ្ឋ និងព្រះសង្ឃ នៅវត្តរតនបុប្ផារាម ហៅវត្តព្រែកអញ្ចាញ ជាមួយដេប៉ូខ្សាច់ ឈឿន ម៉ានី ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបាន ដោះស្រាយបញ្ចប់ជាស្ថាពរ។ នេះជាការលើកឡើងរបស់លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល ក្នុងហ្វេសប៊ុក។
រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះដោះស្រាយសម្របសម្រួលការតវ៉ា របស់ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលបានផ្ទុះការតវ៉ាបិទផ្លូវនៅលើកំណាត់ផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខវត្តរនបុប្ផារាម ហៅវត្តព្រែកអញ្ចាញ ជាមួយដេប៉ូខ្សាច់ ឈឿន ប៊ុន ឆាន និង ឈឿន ម៉ានី ដែលផុតសុពលភាពជួល តែមិនព្រមរុះរើចេញ។
យោងលើកិច្ចសន្យាជួលដី ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ របស់ លោក ស៊ឹម ប៉ុន ជាគណៈកម្មាធិការអាចារ្យវត្តបានឯកភាពគ្នាជួលដីនៅខាងមុខវត្តព្រែកអញ្ចាញឲ្យទៅ ឈ្មោះ ឈឿន ប៊ុនឆាន និង ឈឿន ម៉ានី ដើម្បីធ្វើអាជីវកម្មគ្រួសខ្សាច់ រយៈពេល៣ឆ្នាំ ប៉ុន្តែរហូតមកដល់ពេលនេះម្ចាស់អាជីវកម្ម រូបនេះនៅតែបន្តយកគ្រឿងចក្រទៅជីកដីវត្តជាប់មាត់ទន្លេ ដឹកយកទៅលក់ជារៀងរាល់ថ្ងៃ ទោះកិច្ចសន្យាត្រូវបានអស់សុពលភាពរយៈពេល១១ខែ កន្លងមកហើយ ដោយគណៈកម្មាការវត្តបានឯកភាពគ្នាឈប់ជួលបន្ត ដើម្បីយកទីនេះធ្វើជារមណីយដ្ឋានសាធារណៈជូនប្រជាពលរដ្ឋវិញ។
ជាដំណោះស្រាយជូនប្រជាពលរដ្ឋ និងព្រះសង្ឃនាពេលនេះ លោកអភិបាលខេត្តបានណែនាំឲ្យម្ចាស់អាជីវកម្មនេះ ធ្វើកិច្ចសន្យាចំពោះ អាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ ដោយ ត្រូវរុះរើ សំណង់ និងដកគ្រឿងចក្រចេញពីទីនេះជាកំហិតក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ ។
ចំណុចនេះបានធ្វើឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃ មានការសប្បាយរីករាយ សាទរចំពោះចំណាត់ការនេះ យ៉ាងក្រៃលែង៕EB