ត្រៀមវ៉ែនតាខ្មៅឲ្យហើយ ស្អែកនាំគ្នាទស្សនាព្រឹត្តិការណ៍សូរ្យគ្រាសដ៏កម្រប្រចាំឆ្នាំ
បាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ គឺជាបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង គេហៅថា Annular Solar Eclipse។ មូលហេតុដែលគេហៅវាបែបនេះ គឺដោយសារ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះច័ន្ទបាំង ព្រះអាទិត្យមែន តែមិនជិតឈឹងឬធ្វើឲ្យងងឹតតែម្តងនោះឡើយ ព្រោះព្រះច័ន្ទមើលទៅរាងតូចជាងព្រះអាទិត្យ ដែលប្រការនេះបណ្តាលឲ្យសូរ្យគ្រាសនោះ មើលទៅដូចជាចិញ្ចៀនភ្លើងមួយយ៉ាងដូច្នោះ។ដ្បិតកម្ពុជាយើងអាចមើលឃើញបាតុភូតសូរ្យគ្រាសនោះពិតមែន ប៉ុន្តែវានឹងបង្ហាញខ្លួនត្រឹមជាលក្ខណៈបាតុភូតសូរ្យគ្រាស មិនពេញលេញ (Partial Solar Ecipse) តែប៉ុណ្ណោះ។
សម្រាប់កន្លែងដែលមានឱកាសមើលឃើញវាក្នុងទម្រង់ពេញជា Annular Solar Eclipse តែម្តង គឺប្រទេសមួយចំនួននៅអាហ្វ្រិក ប៉ាគីស្ថាន ឥណ្ឌា និងចិន ជាដើម។ សម្រាប់នៅប្រទេសកម្ពុជាយើងនឹងមើលឃើញវា ជាសូរ្យគ្រាស មិនពេញលេញ នៅខ្ទង់វេលាម៉ោង០២៖០០នាទីរសៀល ដល់ម៉ោងខ្ទង់០៣៖០០នាទីរសៀល ហើយនៅម៉ោង០៤៖០០នាទីរសៀល វានឹងបាត់ទៅវិញ។គួរជម្រាបថា សូរ្យគ្រាសខាងលើគឺជាបាតុភូតសូរ្យគ្រាសដំបូងបំផុតប្រចាំទសវត្សរ៍នេះ។
ក្នុងឆ្នាំ២០២០នេះគឺមានបាតុភូតសូរ្យគ្រាសសរុប ចំនួន០២ ដោយមួយលើកទៀតនឹងកើតឡើងនៅខែធ្នូ ជាសូរ្យគ្រាសពេញធម្មតា (Total Solar Eclipse) ដែលនឹងអាចមើលឃើញតែនៅ តំបន់ អាមេរិក ខាងត្បូងប៉ុណ្ណោះ។ កាលពីខែធ្នូ ឆ្នាំ២០១៩ បាតុភូតសូរ្យគ្រាស Annular Solar Eclipse ក៏បានកើតឡើងដែរ ហើយកាលនោះកម្ពុជា អាចមើលឃើញវា ក្នុងទម្រង់ជាសូរ្យគ្រាសមិនពេញលេញ៕