ត្រឹមព្រឹកថ្ងៃទី១៥ មិថុនា កម្ពុជា ពុំរកឃើញជំងឺ កូវីដ-១៩ ថ្មីឡើយ ខណៈជំងឺនេះ បន្តគម្រាមកំហែងជាប់ជានិច្ច
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាពុំរកឃើញករណីជំងឺ កូវីដ-១៩ ថ្មីឡើយហើយជំងឺនេះ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច ដូច្នេះប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅព្រឹកថ្ងៃទី១៥ មិថុនានេះ«រហូតដល់ម៉ោង ៨ព្រឹក ថ្ងៃទី១៥ មិថុនា ២០២០ យើងពុំរកឃើញករណីជំងឺ កូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៨នាក់ដដែល ចំនួនសម្រាកនៅពេទ្យ៣នាក់ ចំនួនជាសះស្បើយ ចំនួន១២៥នាក់ និងស្លាប់គ្មាន»។
ប្រភពដ៏ដែលបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ចហើយប្រជាពលរដ្ឋ ត្រូវបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើ មិនចាំបាច់ព្រោះប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថាពលរដ្ឋត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ពិធីជប់លៀង ការចាក់ធុងបាសរាំជាដើម ។ហើយពលរដ្ឋត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នាឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាង ដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃើញករណីជំងឺ កូវីដ១៩ ដំបូងបំផុត នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ។ហើយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានធ្វើតេស្តចំនួន២៧៥៩៩ ស្មើនឹង១៦៦២ ក្នុង១លាននាក់៕ EB