ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ដ្រីវៀតណាម បានជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក និងផ្លូវអាកាស តាមរយៈការឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ផាម មិញជិញ បានលើកឡើងពីស្ថានភាពជាទូទៅនៅប្រទេសវៀតណាម។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ ក៏បានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ច ដែលក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសប្រទេសទាំងពីរ ជាពិសេស លើវិស័យសេដ្ឋកិច្ច តាមរយៈការបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជនទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ ទាំងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។ 

លើសពីនោះទៀត ក៏មានការឯកភាពគ្នា រវាងថ្នាក់ដឹកនាំទាំងពីរ ជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ក្នុងនោះ ក៏មានការឯកភាពគ្នា ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង ទៅលើវិស័យឌីជីថល និងជាពិសេស លើវិស័យដទៃទៀតផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណផងដែរ ចំពោះភាគីវៀតណាម ដែលតែងតែផ្ដល់នូវអាហារូបករណ៍ជូនដល់កម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនៅការអបអរសាទរជូនចំពោះវៀតណាម ដែលទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងល្អ និងទប់ស្កាត់ជំងឺកូវីដបានយ៉ាងល្អ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ