នាដើមរដូវវស្សា ចាប់ពីខែឧសភា រហូតដល់ខែមិថុនា ត្រីមេពូជជាច្រើនប្រភេទ ចាប់ផ្តើមពង-កូន។ ជាពិសេស ត្រីមេពូជនៅទន្លេមេគង្គលើ នាភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលសម្បូរទៅដោយអន្លង់ទឹកជ្រៅៗ។ ស្របពេលជាមួយគ្នានោះដែរ នៅលើទីផ្សារក្នុងតំបន់ទាំងនោះ គេសង្កេតឃើញមានត្រីមេពូជ ដែលមានពងពេញៗ ពោះ រាប់រយគីឡូក្រាម ត្រូវបានអ្នកនេសាទចាប់យកមកលក់ដោយខ្លួនឯងផ្ទាល់ ឬក៏លើកឲ្យអ្នកផ្សេងយកទៅលក់បន្ត។

ទំនោរឆ្ងាញ់ពិសាពងត្រីពីសំណាក់អ្នកបរិភោគ ហាក់កំពុងលើកទឹកចិត្តឲ្យអ្នកនេសាទទាំងឡាយព្យាយាមធ្វើយ៉ាងណា ចាប់ត្រីដែលមានពងទាំងនោះយកមកលក់ឲ្យខាងតែបាន ដើម្បីបំពេញតម្រូវការទីផ្សារបន្តទៀត។ អ្នកនេសាទខ្លះ បានប្រើបា្រស់ឧបករណ៍នេសាទផ្សេងៗ ដែលត្រូវបានហាមឃាត់ដោយច្បាប់ជលផល ជាពិសេសរំសេវផ្ទុះ ឧបករណ៍ឆក់ដែលមានកម្លាំងចរន្តអគ្គិសនីរហូតដល់រាប់ពាន់វ៉ុល ដែលគេនិយមហៅថា៖ “ឆក់ក្តៅ និងឆក់ត្រជាក់” ជាដើម ដែលជាឧបករណ៍ដ៏គ្រោះថ្នាក់មួយប្រភេទ សម្រាប់មច្ឆជាតិ។ 

សូមសាកល្បងគិតទៅមើលថា ចរន្តអគ្គិសនីដែលយើងប្រើតាមផ្ទះសព្វថ្ងៃនេះត្រឹមតែ ២២០ - ២៣០វ៉ុល ប៉ុណ្ណោះ វាអាចឆក់យកជីវិតបានយ៉ាងងាយ។ ចុះទម្រាំរហូតដល់រាប់ពាន់វ៉ុល តើទំហំនៃការឆក់យកជីវិតត្រី មានវិសាភាពប៉ុណ្ណាបូករួមទាំងជីវៈចម្រុះផ្សេងៗ ផងនោះ?

ដោយសារកត្តាទាំងនេះ បូករួមទាំងកត្តាផ្សេងៗទៀតផងដែរ ដូចជា ការនេសាទហួសកម្រិត ការបាត់បង់ព្រៃលិចទឹកដែលជាទីជម្រក និងការរាំងស្ទះផ្លូវធ្វើចរាចរពីសំណាក់ទំនប់វារិអគ្គិសនីផងដែរនោះ បានធ្វើឲ្យកំណើតត្រីក្នុងធម្មជាតិ ជាពិសេសេក្នុងទន្លេមេគង្គ និងបឹងទន្លេសាបធ្លាក់ចុះយ៉ាងខ្លាំង។ ត្រីមួយចំនួនដូចជា ត្រីគល់រាំង ត្រីរាជ ត្រីពោព្រុយ ត្រីត្រសក់ ; ត្រីស្ទក់ ត្រីបបែលយក្ស ,ត្រីប៉ាសាណាក ជាដើម។ល។ នាពេលបច្ចុប្បន្ននេះ ស្ទើរផុតពូជអស់ទៅហើយ។

ដូច្នេះ បើអ្នកចង់ចូលរួមថែរក្សាធនធានមច្ឆជាតិ សូមកុំពិសាត្រីមានពង ឬពងត្រី។ បើអ្នកពិសាត្រីមានពង ឬពងត្រី ស្មើនឹងអ្នកកំពុងចូលរួមបំផ្លាញធនធានមច្ឆជាតិដោយមិនដឹងខ្លួន។ ចូរនិយាយថាទេ ចំពោះត្រីមានពង ឬពងត្រី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ