អតីតអត្តពលិកដែលកាន់ភ្លើងជ័យរត់ក្នុងព្រឹត្តការណ៍កីឡាហ្កានេហ្វូ កាលពីឆ្នាំ១៩៦៦ ចេញពីប្រាសាទអង្គវត្ត លោកតា គង់ ធាវត្ថា និងភរិយា បានបង្ហាញក្តីរីករាយក្រោយអាចមានឱកាសកាន់ភ្លើងគប់ជាលើកទី២
ភ្នំពេញ ៖ លោកតា គង់ ធាវត្ថា អតីតកីឡាហ្កានេហ្វូ កាលពីឆ្នាំ១៩៦៦ ដៃកាន់ភ្លើងគប់ រត់ចេញពីមុខនាគអង្គរតូ មកកសិណទឹក ឥឡូវនេះ លោកតា បានកាន់ព្រះអគ្គីជ័យកីឡា ជាលើកទី២ បន្ដពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ។
ថ្លែងប្រាប់តាមរយៈទូរស័ព្ទមកកាន់អង្គភាពសាព័ត៌មាន NP លោកតា គង់ ធាវត្ថា បានបញ្ជាក់ថា កាលពីឆ្នាំ១៩៦៦ កម្ពុជាបានរៀបចំព្រឹត្តការណ៍កីឡាហ្កានេហ្វូ ហើយលោកតាផ្ទាល់ គឺជាអ្នកដែលរត់កាន់ភ្លើងគប់ ចេញពីប្រាសាទអង្គរវត្តមុនដំបូងគេបំផុត។ ជាអតីតកីឡាហ្កានេហ្វូរបស់កម្ពុជា គ្រានោះ លោកតា ជាកីឡាករបាល់ទះ។ ជាមួយគ្នានោះ លោកតា បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានកាត់ភ្លើងគប់សារជាថ្មី ខណៈកម្ពុជា ជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមក្នុងឆ្នាំនេះ។
ជាមួយគ្នានោះ លោកយាយ ឈីវ លួយ ជាភរិយារបស់អតីតអត្តពលិកកម្ពុជារូបនេះ បានលើកឡើងពីប្រវត្តិរបស់ប្តីរបស់លោកយាយ ហើយថែមទាំងបង្ហាញក្តីរំភើបនៅពេលដែលឃើញប្តីរបស់លោកស្រីបានកាន់ភ្លើងគប់ម្តងទៀត។ ខណៈកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លោកតា គង់ ធាវត្ថា និងភរិយា បានជូនពរអត្តពលិកកម្ពុជាគ្រប់រូបទទូួលបានជោគជ័យជូនជាតិមាតុភូមិ។
សូមរំឭកថា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខេត្តសៀមរាប ហើយ ព្រះអគ្គិជ័យកីឡា បានចាកចេញពីមាតុភូមិ កាលពីថ្ងៃទី២២ មីនា ហើយបានរៀបចំពិធីដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់ ដោយផ្ដើមចេញពីប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា រហូតដល់ប្រទេសឡាវក្រោយគេ ដោយទទួលបានជោគជ័យ និងការសាទរជាខ្លាំងពីបណ្ដាប្រទេសនីមួយៗ លើកលែងតែប្រទេសព្រុយណេ ដែលជាប់បុណ្យរ៉ាម៉ាដនមិនអាចទទួលរៀបចំបាន។ ហើយអគ្គីជ័យកីឡា ក៏បានដង្ហែ ចូលប្រទេសកម្ពុជាវិញ រួចហើយដង្ហែជុំវិញបឹងទន្លេសាបផងដែរ។
ចំពោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ