ក្រសួងទេសចរណ៍ និងទូតឥណ្ឌាប្រចាំកម្ពុជានឹងរៀបចំ“ទិវាយោគៈអន្តរជាតិលើកទី៦”នៅ មុខក្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម
ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធបានរៀបចំ“ទិវាយោគៈអន្តរជាតិលើកទី៦” (The 6th International Day of YOGA) នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦:៣០នាទីព្រឹក នាបរិវេណមុខក្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម។
លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមជាកិត្តិយសក្នុងទិវានេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសាលាខេត្ត តំណាងអាជ្ញាធរជាតិអប្សរា គ្រូបង្វឹកយោគៈមកពីប្រទេសឥណ្ឌា និងអ្នកសារព័ត៌មានជាតិ ព្រមទាំងមានអ្នកចូលរួមហាត់ប្រមាណជាង ១២០នាក់ផងដែរ។
ព្រឹត្តិការណ៍យោគៈ មិនត្រឹមតែមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពប៉ុណ្ណោះទេ តែបានអប់រំផ្លូវចិត្ត ស្ងប់អារម្មណ៍ ធ្វើឲ្យមនុស្សស្រឡាញ់សុខសន្តិភាព។ តាមរយៈព្រឹត្តិការណ៍នេះ ក៏បានបង្ហាញថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរផងដែរ។ នៅឆ្នាំ២០១៩ កន្លងទៅ កម្ពុជារក្សាបានកំណើនទេសចរក្នុងអត្រា ៦.៦% ជាមួយនឹងការមកដល់របស់ទេសចរអន្តរជាតិសរុបចំនួន ៦.៦លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកនៅទូទាំងប្រទេសមានចំនួនជាង ១១.៥លាននាក់ ក្នុងកំណើនអត្រាប្រមាណ ២%។
ដោយឡែក ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.១៦លាននាក់ ធ្លាក់ចុះក្នុងអត្រា-៥២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ជាពិតណាស់ កំណើនអវិជ្ជមាននេះគឺជាផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ ដែលបានទន្ទ្រានវាយលុកសុវត្ថិភាពសុខភាពសារធារណៈរបស់សកលលោកទាំងមូល និងបានទាញទម្លាក់សេដ្ឋកិច្ចជាសកល គិតចាប់ពីចុងឆ្នាំ២០១៩មកទល់នឹងពេលបច្ចុប្បន្ន។
ព្រឹត្តិការណ៍ “ទិវាយោគៈអន្តរជាតិ” ឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងលទ្ធផលល្អដោយមានកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ពិសេសបានផ្តល់ឱកាសដ៏វិសេសវិសាលក្នុងការពង្រីកការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ក្នុងតំណាក់កាលវិបត្តិកូវីដ-១៩៕SP
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ