ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា រហូតមកដល់ ឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្ត បានថវិកា ចំនួន១១,៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននឹងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត។យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា ថា ទីតាំងដែលកម្ពុជាលក់កាបូន បាននោះ មានដែនជម្រកសត្វព្រៃ កែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ហើយក្រុមហ៊ុនដែល បានទិញឥណទានការបូន ក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។

លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រ ចិត្តនេះ។ លោកពន្យល់ថា មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃ ច្បាស់លាស់ ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាល កម្ពុជាអនុវត្ត ដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើតំបន់ការពារ ធម្មជាតិ ដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានព្រៃឈើគ្របដណ្តប់ ប្រមាណ៥០ភាគរយ នៃផ្ទៃប្រទេសដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ