ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុង១ឆ្នាំ សហគមន៍នេសាទផលសមុទ្រនៅពាមក្រសោប ខេត្តកោះកុង ប្រមូលបានគ្រំចំពុះទា ពីការចិញ្ចឹមជាង១ម៉ឺនតោន សម្រាប់នាំចេញទៅប្រទេសថៃ និងវៀតណាម ខណៈទីផ្សារក្នុង ស្រុកមិនសូវចាប់អារម្មណ៍លើផលិតផលវារីវប្បកម្មមួយនេះ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក នេត្រ ភក្ដ្រា បានបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះជាង៧០ភាគរយ បានប្រកបរ បរចិញ្ចឹមគ្រំចំពុះទា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ បន្ថែមពីមុខរបរនេសាទសមុទ្រ។
បើតាមការឲ្យដឹងរបស់លោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ ពាមក្រសោប ខេត្តកោះកុង បានបញ្ជាក់ថា គ្រំចំពុះទមិនទាន់មានទីផ្សារ នៅក្នុង ប្រទេស កម្ពុជា នៅឡើយទេ ដោយការចិញ្ចឹមរបស់ប្រជានេសាទ គឺពឹងទាំងស្រុងទៅលើឈ្មួញ មកពីប្រទេសថៃ និងវៀតណាម ដែលគេទិញក្នុងតម្លៃចន្លោះពី១.០០០រៀល ទៅ ៣.០០០រៀល ក្នុង១គីឡូក្រាម ទៅតាមទំហំ និងរដូវកាលប្រមូលផល។
លោកបានបន្តថា គ្រំសមុទ្រប្រភេទនេះ អាចប្រមូលផលបានចាប់ពីខែតុលា ដល់ខែមេសា បន្ទាប់ពីពួកវាធ្វើការការពងកូនក្នុងរយៈពេល៦ខែ។ ប៉ុន្តែលោកថា គ្រំដែលធំល្អ គឺមាន អាយុ១២ខែ នៃការចិញ្ចឹម៕EB