នារសៀថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងសមាជិកគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជីមីន អតីតប្រធានាធិបតីចិន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ​ ក្នុងជន្មាយុ៩៦ឆ្នាំ​ នៅស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា។

ក្នុងពេលចូលគោរពវិញ្ញាណក្ខន្ធ សម្តេចតេជោ ហ៊ុន សែន បានសរសេរសាររំលែកទុក្ខនៅក្នុងសៀវភៅក្រាំងមាស ដោយលើកឡើងថា មរណភាពរបស់ អតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់ ឯកឧត្តម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។​ ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់ អតីតប្រធានាធិបតីចិន មិនត្រឹមតែផ្តល់គំរូវីរភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរពស្រលាញ់ពីប្រជាជននៅលើសកលលោកផងដែរ។​ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះគ្រួសារអតីតប្រធានាធិបតី ជាំង ជីមិន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដ៏ក្រៀមក្រំនេះ។ សម្ដេចតេជោ ក៏បានជឿជាក់យ៉ាងមុតមាំនូវកិត្យានុភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី នឹងនូវតែចងចាំ និងគោរពស្រលាញ់ជារៀងរហូត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ