(កុងហ្គោ)៖ បាតុករបានដើរប្រឆាំងតាមដងផ្លូវរយៈពេលបីថ្ងៃជាប់ៗគ្នា បន្ទាប់ពីមនុស្សយ៉ាងតិច ១៥ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសអំឡុងពេលបាតុកម្មនៅភាគខាងកើតនៃប្រទេសកុងហ្គោប្រឆាំងនឹងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេស។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

 អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា កងរក្សាសន្តិភាពម្នាក់មកពីប្រទេសម៉ារ៉ុក និងប៉ូលីសអន្តរជាតិពីរនាក់មកពីប្រទេសឥណ្ឌាដែលបម្រើការជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានសម្លាប់ ហើយប៉ូលីសមកពីប្រទេសអេហ្ស៊ីបបានរងរបួសនៅឯមូលដ្ឋានរបស់អង្គការសហប្រជាជាតិនៅ Butembo ក្នុងខេត្ត North Kivu នៅពេលដែល "អ្នកវាយប្រហារដោយហិង្សាបានឆក់យកអាវុធពីប៉ូលីសកុងហ្គោ" និង បាញ់​លើ​បុគ្គលិក​អ.ស.ប.។

 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសអំពើហឹង្សាដែលផ្តោតលើមូលដ្ឋានអង្គការសហប្រជាជាតិជាច្រើននៅទូទាំង North Kivu ចាប់តាំងពីថ្ងៃចន្ទ នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ។

 ចាប់តាំងពីថ្ងៃចន្ទមក ក្រុមបាតុករបានដុតភ្លើង និងបង្ខំឱ្យចូលទៅក្នុងការិយាល័យបេសកកម្មរបស់អង្គការសហប្រជាជាតិនៅទីក្រុង Goma ដោយចោទប្រកាន់កងកម្លាំងរក្សាសន្តិភាពថាមិនបានការពារជនស៊ីវិលចំពេលមានការកើនឡើងនៃអំពើហិង្សានៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសកុងហ្គោ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ