ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៤០ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៣១នាក់ និងរងរបួស៤៦នាក់។
ដោយឡែកចំនួននេះបើបូកយោង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហា បន្ថែមទៀតស្មើរយៈពេល១១ថ្ងៃ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៧៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥៣នាក់ និងរងរបួស ៩០នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះរួមមាន ថ្ងៃទី៨ សីហា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់៤នាក់ របួស៩នាក់ ថ្ងៃទី៩ មាន៩ករណី ស្លាប់៦នាក់ របួស៨នាក់ ថ្ងៃទី១០ មាន៧ករណី ស្លាប់៧នាក់ របួស៩នាក់ ថ្ងៃទី១១ មាន៩ករណី ស្លាប់៨នាក់ របួស១១នាក់ និងថៃ្ងទី១២ មាន៩ករណី ស្លាប់៦នាក់ របួស៩នាក់ ដែលករណីទាំងអស់នេះបានកើតឡើងក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ព្រះសីហនុ តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។
អ្នកនាំពាក្យរង បានបញ្ជាក់បន្ថែមថា ផ្សារភ្ជាប់នឹងការងារចរាចរណ៍នេះដែរ នារសៀលថ្ងៃពុធទី១៣ ខែសីហា ឆ្នាំ២០២៥នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យ ដកពិសោធន៍ កែលម្អវិធានការ និងលើកទិសដៅការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបានស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបានជាអតិបរមា ស្របតាមការកំណត់របស់ផែនការជាតិទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០៕