ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបទាំងឡាយណាដែលបានឱ្យអ្នកដទៃមកប្រឡងជំនួសចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី៣ត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន។

ចំពោះបេក្ខជនប្រព្រឹត្តិនៅក្នុងកម្រិតថ្នាក់ទី២ ក៏នឹងទទួលពិន័យមិនអនុញ្ញាតឱ្យចូលប្រឡងដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិនិងមិនឱ្យអនុញ្ញាតឱ្យចូលរួមប្រឡងនៅឆ្នាំបន្ទាប់។ ក្នុងនោះរួមមានបេក្ខជនធ្វើសកម្មភាពដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅ សរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ។

បេក្ខជនបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ឬចេញទៅយកឯកសារ ឬចម្លើយ ពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងក្នុងពេលធ្វើវិញ្ញាសា បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃ ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួននិងធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយឱ្យអនុរក្ស។

ចំណែកសកម្មភាពកម្រិតថ្នាក់ទី១វិញបេក្ខជននឹងទទួលពិន័យមិនអនុញ្ញាតឱ្យចូលប្រឡងដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ក្នុងនោះបេក្ខជនបេក្ខជនប្រព្រឹត្តិសកម្មភាពមួយចំនួនដូចជាបេក្ខជនមកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែល អាចអនុគ្រោះបានដោយមិនឱ្យលើសពី១៥នាទីក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលប្រឡង តាមរយៈប្រធានមណ្ឌល ដោយមិនបន្ថែមម៉ោងឡើយ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និង ប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ