(មានវីដេអូ)៖ សម្ដេចក្រឡាហោម ស ខេង ប្រកាសថា នាពេលខាងមុខ រាល់បុគ្គលិកបម្រើការងារឱ្យវិស័យឯកជន និងរដ្ឋ ត្រូវធ្វើតេស្តរកសារធាតុញៀនជាមុនសិន មុនចូលបម្រើការងារ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានប្រកាសថា នាពេលខាងមុខនេះ រាល់បុគ្គលិកបម្រើការងារឱ្យវិស័យឯកជន និងរដ្ឋ ត្រូវធ្វើតេស្តរកសារធាតុញៀនជាមុនសិន ទើបឱ្យចូលធ្វើការងារ។
សម្ដេចក្រឡាហោម ស ខេង បានប្រកាសបែបនេះ នាឱកាសអញ្ជើញជាអធិបតីពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ កំពុងយកចិត្តទុកដាក់លើការងារបង្ក្រាបគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង និងបទល្មើសឧក្រឹដ្ឋកម្មអន្តរជាតិ ដូចជា៖ អំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម បទល្មើសលាងសម្អាតប្រាក់ និងបទល្មើសតាមប្រព័ន្ធអ៊ីនធើណែត ជាដើម។
សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «អនាគតទៅអ្នកបើកឡាន ឱ្យក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ក៏ត្រូវធ្វើតេស្ដទាំងអស់ ហើយច្បាប់ចរាចរណ៍ថ្មីកំពុងតែរៀបចំ។ បើមិនអញ្ចឹងទេ បើកបុកគេ ដោយសារស្រវឹងគ្រឿងញៀន»។
សម្ដេចក្រឡាហោម ក៏កំពុងពិភាក្សាគ្នាដោយរៀបចំកម្មវិធីតេស្ដរកសារធាតុញៀន រយៈពេល ៣ ឬ ៦ខែម្ដង ចំពោះបុគ្គលិកធ្វើការងារនៅវិស័យឯកជន និងរដ្ឋ។ សម្ដេច ក៏បានចាត់ទុកថា នេះក៏ជាវិធានការមួយដែរ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ការធ្វើដូចនេះ ក៏ជាការ ការពារកូនចៅរបស់ប្រជាពលរដ្ឋកុំឱ្យជក់ ឬលុង ដោយសារគ្រឿងញៀន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ