(កូរ៉េខាងជើង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបវិញភ្លាមៗ ចំពោះការរារាំងផែនការនុយក្លែអ៊ែររបស់ខ្លួន ឬការប៉ះទង្គិចផ្នែកយោធាណាមួយពីសហរដ្ឋអាមេរិក ។ នេះបើតាមសេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២២។
ថ្លែងក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍មួយដើម្បីប្រារព្ធខួបលើកទី ៦៩ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ ២៧ ខែកក្កដា លោកគីម បាននិយាយថា«ការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យផែនការនុយក្លែអ៊ែរបស់ខ្លួនមានការរាំងស្ទះ នោះកូរ៉េខាងជើងនឹងឆ្លើយតបយ៉ាងតឹងរ៉ឹងបំផុត ហើយអ្នកដែលធ្វើឱ្យរាំងស្ទះនឹងជួបការវិនាស។
លោក Kim បានបន្ថែមថា “ខ្ញុំបញ្ជាក់ម្តងទៀតថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រឈមមុខគ្នាផ្នែកយោធាណាមួយជាមួយសហរដ្ឋអាមេរិក”។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានសាកល្បងមីស៊ីល និងមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ដែលខ្លួននិយាយថាអាចផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបចំពោះផែនការរបស់កូរ៉េខាងត្បូង៕