សម្ដេចក្រឡាហោម ស ខេង ប្រាប់ទូតបារាំងថា អាជ្ញាធរកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ទូតបារាំង ប្រចាំកម្ពុជា ថា អាជ្ញាធរកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ផងដែរ។
នាឱកាសអនុញ្ញាជូន លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងបញ្ជាក់ថា «រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តកិច្ចការនេះយ៉ាងសកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ដែរ»។
សម្ដេច បន្តថា តាមរយៈលទ្ធផលអនុវត្តកន្លងមក គឺទទួលការសាទរពីមជ្ឈដ្ឋានផ្ទៃក្នុង និងបណ្ដាប្រទេសជាមិត្តក្នុងតំបន់។ សម្ដច បន្ថែមថា កិច្ចការនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និតរវាងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ទាំ ងក្នុងប្រទេសមានជនរងគ្រោះត្រូវបានគេឆបោកមកកាន់កម្ពុជា និងទាំងក្នុងប្រទេសកម្ពុជា ដើម្បីកាត់ផ្ដាច់ទំនាក់ទំនង និងឬសគល់នៃការរត់ពន្ធ ការជួញដូរ និងការឆបោកនាំមនុស្សឆ្លងដែនខុសច្បាប់។
ចំពោះប្រធានបទ ស្ដីអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសកិច្ចប្រតិបត្តិការក្នុងរយៈពេលចុងក្រោយនៅខេត្តព្រះសីហនុ លោកឯកអគ្គរដ្ឋទូតបារាំង បានឱ្យដឹងថា បញ្ហាដែលកើតមាននៅខេត្តព្រះសីហនុនេះ ក៏អាចជាប្រធានបទមួយដែលភាគីទាំងពីរអាចកំណត់នៅក្នុងក្របខណ្ឌនៃការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះបានដែរ។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានលើកឡើងថា តួនាទីសំខាន់មួយរបស់ក្រសួងមហាផ្ទៃ គឺធ្វើយ៉ាងណាខិតខំធានាថែរក្សាសន្តិសុខនៃការបោះឆ្នោតឱ្យបានល្អប្រសើរ បង្កលក្ខណៈ និងលក្ខខណ្ឌសមស្របដល់ដំណើរការបោះឆ្នោតនេះឱ្យប្រព្រឹត្តទៅដោយសេរី គ្មានអំពើហិង្សា និងផ្ដល់លទ្ធភាពជូនពលរដ្ឋ និងភាគីពាក់ព័ន្ធបានចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ