(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០។ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអំពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០ ដូចខាងក្រោម៖

 

១៖ ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករតាមរយៈ ENSO Forecast រួចមកឃើញថា៖ ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ បាតុភូត Neutral មាន៦០% បាតុភូត El Nino មាន១០% និងបាតុភូត La Nin មាន៣០%។ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងអាចមាន ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។

 

២៖ ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប៖ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីដើមឆ្នាំ២០២០នេះ មកមាន ស្ថានភាពដូចខាងក្រោម៖

 

ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្រិតកម្ពស់ទាបជាង ឆ្នាំ២០១៥ ប្រមាណ០.៥០ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ០.៣០ម៉ែត្រ។
ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្រិតកម្ពស់ទាប ជាងឆ្នាំ២០១៥ ដល់ទៅ១.១២ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ០.៥០ម៉ែត្រ។
ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្រិតកម្ពស់ទាបជាងឆ្នាំ២០១៩ ដល់ទៅ១.៧២ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ០.១៤ម៉ែត្រ។
រាជធានីភ្នំពេញ ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ទឹកមានកម្រិតកម្ពស់ ទាបជាងឆ្នាំ ២០១៩ ដល់ទៅ១.៧៣ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច។
ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់ហ្លួង ទឹកមានកម្រិតកម្ពស់ទាបជាង មធ្យមច្រើនប្រមាណពី០.១៧ម៉ែត្រ ទៅ២.៦៧ម៉ែត្រ។

៣៖ ការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០៖យោងលើស្ថានភាពទឹកទន្លេមេគង្គ នាពេលបច្ចុប្បន្នកត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ នាឆ្នាំ២០២០នេះ ទឹកអាចនឹងមានកម្ពស់៩.៧០ម៉ែត្រដែលចាត់ទុកជាប្រភេទជំនន់មធ្យម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ