ភ្នំពេញ​ ៖ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ បុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។

ក្រោយឃើញការចែកចាយវីដេអូនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់យកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។

គួរជម្រាបថា វីដេអូប្រហែល៣នាទី ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គមបង្ហាញពីទង្វើអសីលធម៌របស់យុវជន យុវតីមួយក្រុមនេះ ទាំងដែលពួកគេស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា អាវស សំពត់ខៀវ បែរជានាំគ្នាប្រព្រឹត្តអំពើមិនគួរគប្បីទៅវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ