កោះកុង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាព និងជាថ្ងៃឈប់សម្រាកនោះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលស្រលាញ់សន្តិភាព និងស្អប់សង្រ្គាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ដោយកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាព និងជាថ្ងៃឈប់សម្រាក។

ឆ្លើយតបនឹងបុគ្គលមួយចំនួន ដែលរិះគន់ថា ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជាទិវាសន្តិភាពសម្រាប់ត្រកូល ហ៊ុន នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកំណត់ទិវាសន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់សន្តិភាពទាំងអស់គ្នា។

សម្ដេចធិបតី គូសបញ្ជាក់ថា «មានអ្នកខ្លះចេញមករិះគន់ថា ថ្ងៃហ្នឹងដាក់ថ្ងៃបុណ្យជាតិ ថ្ងៃឈប់សម្រាកគឺដើម្បីត្រកូល ហ៊ុន ខ្ញុំសូមប្រាប់អញ្ចេះ ខ្ញុំអត់បដិសេធថា ត្រកូល ហ៊ុន ក៏ស្វាគមន៍សន្តិភាពដែរ អញ្ចឹងទិវាសន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់សន្តិភាព និងស្អប់សង្រ្គាម ក្នុងនោះក៏មានត្រកូល ហ៊ុន មួយដែរ»។

ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនោះ មិនមែនផ្ដាច់មុខសម្រាប់តែត្រកូល ហ៊ុន នោះទេ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់សន្តិភាព និងបានផលពីសន្តិភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដូច្នេះថា «ចឹងទិវាសន្តិភាព ដើម្បីកម្ពុជា នៅកម្ពុជានេះ គឺជាផលសម្រាប់យើងទាំងអស់គ្នា របស់ប្រជាពលរដ្ឋយើង សម្រាប់បច្ចុប្បន្ន និងទៅអនាគត សម្រាប់កូនចៅយើងគ្រប់គ្នា»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ