សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ដែងនូវភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគថែមទៀត ពីប្រទេសជប៉ុនមកកម្ពុជា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុនមកកាន់កម្ពុជា។
ការលេីកឡេីងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្នុងឱកាសនៃជំនួបនេះ លោក តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានគាំទ្រនូវព្រឹត្តិការណ៍បាញ់កាំជ្រួចកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការរៀបចំទ្បើងដោយសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។
ទន្ទឹមនេះ សមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ជាអាទិ៍៖ ការបោសសម្អាតមីន, គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជួសជុលយានយន្ត និងគិលានុបដ្ឋាក ជាដើម ។ លើសពីនេះ សមាគម ក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា សម្រាប់សម្របសម្រួលដល់ដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន និងកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់សមាគមជប៉ុន-កម្ពុជា (JCA) ដែលបានសហការរៀបចំឱ្យមានព្រឹតិ្តការណ៍បាច់កាំជ្រួចអបអរសាទរខួបទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដោយរលូន ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព និងការជំរុញការវិនិយោគ ។
ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុនមកកាន់កម្ពុជា ព្រមទាំងបានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញនៃច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនៅកម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ