ភ្នំពេញ ៖ ពីវេទិកាអធិបតីនៃពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្ដី ហៅវត្តអន្លង់ទ្រា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តយុវជន និងសិស្សានុសិស្ស បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងមនុញ្ញផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងកសាង និងបន្សល់ទុក ដោយថ្នាក់ដឹកនាំ និងចាស់ទុំជំនាន់មុន រាប់ទាំងឪពុកម្ដាយ និងបុព្វការីជន ដែលបានធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ មានភាពប្រសើរឡើងដូចសព្វថ្ងៃ។



យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី ដែលក៏ជាថ្នាក់ដឹកនាំបន្តវេនមួយរូប នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានរម្លឹកបន្ថែមថា ក្នុងនាមជាទំពាំងស្នងឬស្សី យុវជនមិនត្រូវផ្ដេកផ្ដួលសំងំសុខស្រួលតែជាមួយនឹងមនុញ្ញផលដែលកើតចេញពីការបន្សល់ទុករបស់អ្នកជំនាន់មុន ដោយភ្លេចគិតគូរពីការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងនោះឡើយ។ បើតាមឧបនាយករដ្ឋមន្រ្តី សន្តិភាពដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បង្កើតឡើងនិងថែរក្សាមកដល់សព្វថ្ងៃ បានផ្ដល់ឱកាសគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ពង្រឹងសមត្ថភាព និងពង្រីកសក្ដានុពលនៃការអភិវឌ្ឍជីវភាព ដើម្បីធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ កាន់តែមានភាពរីកចម្រើន។



លោកឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យយុវជនសម្លឹងមើលគោលដៅអនាគតឱ្យហួសពីការប្រកួតប្រជែងត្រឹមតែកម្រិត ក្នុងស្រុក ពីព្រោះក្នុងសម័យសាកលភាវូបនីយកម្ម និងឌីជីថលដ៏ជឿនលឿននេះ ទីផ្សារការងារវិស័យឯកជន មិនមានការប្រកាន់ជនជាតិណាមួយឡើយ ពោលគឺអ្នកមានសមត្ថភាព សុទ្ធតែអាចចល័តបំពេញការងារគ្រប់កន្លែង ហើយទទួលបានប្រាក់ខែខ្ពស់។



ភ្ជាប់នឹងការសិក្សាឆ្ពោះទៅគោលដៅការងារនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យយុវជនដែលនឹងបញ្ចប់ការសិក្សាថ្នាក់ទី១២ ត្រូវបន្តចូលរៀនថ្នាក់ឧត្តមសិក្សា ឬជំនាញណា ដែលខ្លួនមានចំណង់ចំណូលចិត្ត មិនត្រូវរៀនតាមគ្នា ឬតាមការជំរុញខុសពីនិស្ស័យខ្លួនឡើយ។



ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានជម្រាបអង្គពិធី និងយុវជនអំពីគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះក៏ដៅយកការពង្រឹងធនធានមនុស្សជាអាទិភាព។ ធនធានមនុស្ស បើតាមប្រមុខក្រសួងមហាផ្ទៃ ជាកត្តាគន្លឹះដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បានប្ដេជ្ញាចិត្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត បន្តពីរាជរដ្ឋាភិបាល នីតិកាលកន្លងទៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយផ្ដោតលើការពង្រឹងគុណភាពអប់រំទាំងថ្នាក់មូលដ្ឋាន ក្រោយឧត្តមសិក្សា ការផ្ដល់អាហារូបករណ៍ និងការពង្រីកទីផ្សារការងារជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ