សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធស្ពាន «សម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាល កម្មករ-និយោជិត ជាង ១ម៉ឺននាក់ នៅខេត្តកោះកុង
កោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង”។
ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ នេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លារ។
ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម។
សូមរំលឹកថា នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាល ជាមួយនឹងបងប្អូនកម្មករនិយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ កម្មករ-និយោជិត ចំនួន ១១ ០០០នាក់នេះ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១ រោងចក្របង្គុំខ្សែភ្លើង ចំនួន ១ រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន ១ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង ចំនួន ១៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ