ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ កំពុងចញ្ចឹមត្រីមានប្រភពពីក្រៅប្រទេស ត្រូវថែរក្សាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែលឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ ព្រោះត្រីមួយចំនួន ជាប្រភេទកាច។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលជលផល នាថ្ងៃទី២៥ មករា បានឲ្យដឹងថា រដ្ឋបាលជលផល បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃក្នុងការ ចូលរួមថែរក្សាការពារនូវធនធានជលផល និងទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីមហាជន។

ដោយឡែកនាពេលថ្មីៗនេះ មានបងប្អូនខ្លះបានលែងត្រីដែលមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះអាចនឹងបង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក។ វារីសត្វ ឬប្រភេទត្រីដែលមានប្រភពពីក្រៅប្រទេសមួយ ចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ប្រសិនបើប្រភេទត្រីឬវារីសត្វទាំងនោះ មានវត្តមានកាន់តែ ច្រើននៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក និងអាចនាំឱ្យប៉ះពាល់ដល់ពូជក្នុងស្រុក។

បញ្ហានេះ រដ្ឋបាលជលផល គូសបញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូនដែលកំពុងចិញ្ចឹមប្រភេទត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមថែរក្សាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។ ករណីបងប្អូនមានបំណងលែង ត្រីឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមទំនាក់ទំនងមកមន្ត្រីជំនាញជលផល»។

រដ្ឋបាលជលផល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទបន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ចជលផល និងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀតដែលនេសាទបានឱ្យបានផុសផុលថែមទៀត ដែលនេះជាសកម្មភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលយើងឱ្យ បានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ