សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពិភាក្សាគ្នា ដើម្បីសម្រួលដល់ស្ដ្រី មានទោស ដែលមានផ្ទៃពោះ និងកូននៅជាមួយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ, រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្វើការពិភាក្សាគ្នា ដើម្បីរៀបចំយ៉ាងណាបានសម្រួលលើស្ត្រី ដែលមានទោស និងមានផ្ទៃពោះ ពិសេសអ្នកមានកូននៅជាមួយ។
នាឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ថា «គួរធ្វើការសិក្សាលើស្ត្រី ដែលមានទោសនិងមានផ្ទៃពោះ ហើយជាពិសេសអ្នកដែលមានកូន នៅជាមួយសូមឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សាដើម្បីរៀបចំយ៉ាងណា បានសម្រួលដល់ស្ត្រីទាំងនោះ។
នាឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាជំនួយផ្នែកច្បាប់ ដល់ស្ត្រីនិងស្ថានភាពស្ត្រីនៅក្នុងមន្ទីរឃុំឃាំង ។ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានយកចិត្តទុកដាក់ក្នុងការចុះជួបទណ្ឌិត និងពិរុទ្ធជនជាស្ត្រី ដែលជាប់ឃុំនៅក្នុងពន្ធនាគារ នៅក្នុងខេត្តចំនួន៧ ស្វែងយល់ពីស្ថានភាព និងផ្ដល់សេវាជំនួយផ្សេងៗ ក្នុងនោះក្នុងចំនួនស្ត្រីដែលជាប់ឃុំទាំងនោះ មានស្ត្រីមានផ្ទៃពោះចំនួន២៧នាក់ និងស្ត្រី ដែលមានកូនតាមម្ដាយចំនួន១១៥ នាក់ផងដែរ ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ