ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានឯកភាពលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំងពីរ។


នេះគឺជាការគូសបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Santo Darmosumarto ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។


ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។


សម្រាប់ថ្នាក់ដឹកនាំទាំងពីរ កិច្ចការនេះនឹងក្លាយជាចលករសំខាន់សម្រាប់ជួយជ្រោមជ្រែងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតផងដែរ។


បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាមប្រទេសបញ្ជូនពលករទៅកាន់ពិភពលោកដូចគ្នា។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិបាលទាំងមូលដែលបានមើលថែពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។


ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេសទទួល និងក្នុងនាមជាមិត្តនៅក្នុងតំបន់អាស៊ាន ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និងជនបរទេសជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះ ដែលក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថាពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជាដែលចេញទៅបម្រើការនៅបរទេសនោះទេ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ