ឯកអគ្គរដ្ឋទូតថ្មីស៊ីលី ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងមាំ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាឱ្យលោក Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋស៊ីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោក Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋស៊ីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរអំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងឆាប់រហ័ស នៅកម្ពុជា ព្រមទាំងបានចាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌ ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូត បានប្ដេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងម៉ាំ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរលោក Patricio Fernando Powell Osorio ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ស៊ីលី ប្រចាំកម្ពុជា ព្រមទាំងបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលី។ ឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការរៀបចំការតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំស៊ីលី ដែលមាននិវេសនដ្ឋាន នៅប្រទេសប្រេស៊ីល។
សម្ដេចធិបតី បានអរគុណរដ្ឋាភិបាលស៊ីលី ដែលបានសម្រេចគាំទ្របេក្ខភាពកម្ពុជា នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ ផងដែរ។
សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីវិស័យសក្កានុពលសម្រាប់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ថាមពលកកើតឡើងវិញ បរិស្ថាននិងនិរន្តភាព និងការទប់ស្កាត់គ្រោះមហន្តរាយ ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ