សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល ខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបានការគាំពារ ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបានការគាំពារ ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបានការគាំពារ និងលើកទឹកចិត្ត សុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ»។
សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់និកាយសាសនា, ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។
សម្ដេចធិបតី បន្ថែមថា កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។ នេះមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេសជាច្រើនកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅប្រទេសកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគត។
សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ក៏បានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប ក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ