ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញនូវក្ដីស្ញប់ស្ញែងចំពោះវីរភាពរបស់កម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យ នៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង។



ក្នុងពិធីសំណេះសំណាលរៀបចំនៅស្រុកលើកដែក លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដែលទើបដឹកនាំប្រតិភូអន្តរក្រសួងធ្វើដំណើរតាមអូប័រ ដើម្បីពិនិត្យ និងសួរសុខទុក្ខកម្លាំងប្រតិបត្តិការនៅកណ្ដាលទន្លេ បានចាត់ទុកបេសកកម្មនេះថាការយកអាយុជីវិតប្ដូរយកសន្តិសុខនិងសុវត្ថិភាពជូនប្រជាជន និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ជាតិខ្មែរ ដែលឆ្លងកាត់សង្គ្រាមនិងបន្សល់នូវគ្រាប់យុទ្ធភណ្ឌ រួមទាំងសំណល់ជាតិផ្ទុះទាំងលើដី ក្នុងដី និងក្រោមទឹក ស្ទើគ្រប់ទីកន្លែង។



លោក ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា អត្រាពលរដ្ឋស្លាប់ និងរបួសដោយគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានឈរនៅលំដាប់ខ្ពស់គួរឱ្យបារម្ភ ប៉ុន្តែដោយសារបេសកកម្មរបស់កម្លាំងជំនាញ ដោយមានការគាំទ្រពីបណ្ដាដៃគូជាតិ និងអន្តរជាតិ បានធ្វើឱ្យបញ្ហានេះធូរស្រាលពីមួយឆ្នាំទៅមួយឆ្នាំ ជំនួសមកវិញនូវការប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍។



គួរកតត់សម្គាល់ថា កម្លាំងដែលកំពុងធ្វើប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅភូមិសាស្រ្តស្រុកលើកដែក ប្រសប់នឹងស្រុកពាមជរ នេះ មានកម្លាំងស៊ីម៉ាក់ចំនួន២១៤នាក់ និងកងកម្លាំងនគរបាលជាតិចំនួន៦នាក់។ ប្រតិបត្តិការនេះ បានអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យសម្រាប់ប្រតិបត្តិការនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម ដែលកាលណោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាបបានអញ្ជើញសួរសុខទុក្ខ និងត្រួតពិនិត្យដោយផ្ទាល់ដូចគ្នាដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ