សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរគ្រប់ភាគីពាក់ព័ន្ធ បានរៀបចំព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ មានប្រជាពលរដ្ឋចូលរួមកម្សាន្ដរាប់លាននាក់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការកោតសរសើរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយជោគជ័យ ហើយមានប្រជាពលរដ្ឋចូលរួមកម្សាន្ដរាប់លាននាក់ ដោយយ៉ាងសប្បាយរីករាយ។
នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ ក៏ជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្រោមម្លប់ត្រជាក់ នៃសុខសន្ដិភាព។
សម្ដេច មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជា ចំពោះក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមរៀបចំ ព្រះរាជពិធីបុណ្យអុំទូក កាលពេលថ្មីៗកន្លងទៅនេះ ប្រកបដោយជោគជ័យទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត។ បន្ទាប់ពីយើងផ្អាកជាច្រើនឆ្នាំ បញ្ហាកូវីដ-១៩ ហើយព្រះរាជពិធីនេះលើកនេះ មានប្រជាជនជាច្រើនកុះករ រាប់លាននាក់ ដែលមកចូលរួមជាពិសេសរាជធានីភ្នំពេញ ដែលបង្កើតឱ្យបរិយាកាសនេះ ប្រកបទៅដោយ សប្បាយរីករាយ»។
សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះរួមមាន៖ សហភាពសហព័ន្ធយុវជនកម្ពុជា បណ្ដាលក្រុមហ៊ុនក្នុងវិស័យឯកជន ដែលបានចូលរួមរៀបចំកម្មវិធីកម្សាន្ដនានានៅរាជធានីភ្នំពេញ ដែលបង្កលក្ខណៈឱ្យពិធីនេះយ៉ាងអធិកអធម។ ទាំងនេះ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនៃការវិវត្តន៍របស់ប្រជាជន។
សូមរំលឹកថា បន្ទាប់ពីការខកខានអស់រយៈពេលប្រមាណ ៣ឆ្នាំជាប់ៗគ្នា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។ ក្នុងព្រះរាជពិធីរយៈពេល ៣ថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមទាំងអ្នកទេសចរបរទេសផង ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយក្តីរីករាយបំផុត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ