ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបង្ហោះធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ
ភ្នំពេញ ៖ នាពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចរបស់ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបង្ហោះធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7។
សកម្មភាពប្រតិបត្តិការនេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សៅ ប៉ូឡូ អាយុ៣៥ឆ្នាំ ជាអ្នកទទួលធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន។
ជាមួយគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់សាធារណជនទាំងអស់សូមមេត្តាឈប់បញ្ជាទិញ និងបំពាក់នូវរាល់ស្លាកលេខយានយន្តក្លែងក្លាយ ព្រមទាំងឈប់ប្រើប្រាស់រាល់ឯកសារយានយន្តក្លែងក្លាយគ្រប់ប្រភេទ ដែលផ្ទុយនឹងច្បាប់។ ជាពិសេសសូមសាធារណជនទាំងអស់ ឈប់ជឿលើការបង្ហោះផ្សព្វផ្សាយអំពីការផ្តល់សេវារៀបចំឯកសារយានយន្តគ្រប់ប្រភេទ ជៀសវាងការចាញ់បោកនានា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់ សេវាសាធារណៈទាំងឡាយដែលនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយច្បាប់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ