សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងថា តម្លៃសេវាកម្មថតវីដេអូ និងរូបភាពសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម្ល៉េះ និងពុំមានការដំឡើងតម្លៃណាមួយឡើយ។

ការចេញមកបញ្ជាក់នេះ ដោយសារថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថា មានតម្លៃថ្លៃជាដើម។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ជូនសាធារណជនសាជាថ្មីថា៖

១- តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម្ល៉េះ និងពុំមានការដំឡើងតម្លៃណាមួយឡើយ។ ក្នុងនោះតម្លៃមួយចំនួនទៀតសោតក៏ត្រូវបានកែសម្រួលបន្ថយផងដែរ។

២- តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានាដែលដាក់ឱ្យអនុវត្តមានចំនួន៤ជម្រើស។ អ្នកត្រូវការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យ ដែលចង់បាន (សូមអានតារាងតម្លៃសេវាសាធារណៈផ្លូវការ ដែលមានក្នុងគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា)។

៣- រាល់តម្លៃសេវាទាំងអស់ត្រូវបង់ផ្ទាល់ទៅក្នុងធនាគារជាតិសាខាខេត្តសៀមរាប។

៤- អាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវដល់សាធារណជនទាំងអស់ បញ្ឈប់ការចែករំលែកព័ត៌មានដែលផ្ទុយពីការពិត និងចូលរួមចែករំលែកនូវព័ត៌មានពិតដែលមានប្រភពច្បាស់លាស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ