ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ ជូនដល់ លោក គង់ បុរាណ ដែលជាកូនប្រុសបង្កើតតែមួយគត់របស់ លោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជា បន្ទាប់ពីសម្តេចបានឃើញសំណើតាមហ្វេសប៊ុក។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន»។
សម្តេចបានបន្តថា៖ «ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ»។
សម្តេចក៏បានជូនពរ លោក គង់ បុរាណ ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ ផងដែរ។
ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលជាធនធានសិល្បៈដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅឯស្រុកកំណើត ក្នុងជន្មាយុ ៨០ឆ្នាំ។ មរណភាពរបស់គាត់ គឺជាការបាត់បង់ធនធានមនុស្ស ក៏ដូចជាជាមរតកមនុស្សរស់យ៉ាងសំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការសោកស្តាយយ៉ាងខ្លាំង៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ