ភ្នំពេញ ៖ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ប្រមាណជិត ៣ ៦០០ លាន ដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣, បច្ចុប្បន្នការនាំចេញនេះកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ។

ក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវរបាយការណ៍នាំចេញ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤, ក្នុងនោះសម្រាប់ការធ្វើពាណិជ្ជកម្មរបស់ កម្ពុជា ជាមួយប្រទេសនៅក្នុងសហភាពអឺរ៉ុប កំពុងមាននិន្នាការកើនឡើងគួរកត់សម្គាល់ ជាក់ស្តែងនៅក្នុងរយៈពេលនេះ ការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសទាំង៥ នៅក្នុងទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤ ៤០០ លានដុល្លារអាមេរិក ខណៈនៅក្នុងឆ្នាំ ២០២៣ នៅក្នុងរយៈពេលដូចគ្នា ការធ្វើពាណិជ្ជកម្មនេះ មានទំហំទឹកប្រាក់ត្រឹមជាង ៣ ៨០០ លានដុល្លារប៉ុណ្ណោះ។

ចំណែកទាក់ទិនការនាំចេញវិញ, នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់ ជាង ៣ ០០០ លានដុល្លារប៉ុណ្ណោះ ខណៈការនាំចេញនៅក្នុងរយៈពេល១០ នៅក្នុងឆ្នាំ២០២៤, មានទំហំទឹកប្រាក់ជាង ៣ ៦០០ លានដុល្លារ ការនាំចេញនេះបានបង្ហាញនូវនិន្នាការកើនឡើង ដែលជាផ្នែកមួយជួយជ្រោមជ្រែងដល់ការនាំចេញទំនិញរបស់កម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ