ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំ ចំនួន ៣ ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកទទួលទាន។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ កក្កដា នេះ ថា យោងតាមការ វិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ 500ml, Royal Health Wine EST:2005 ចំណុះ 100ml និង ស្រាសុខភាពធម្មជាតិ CHL ចំណុះ 150ml ដែលផលិតដោយសិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវជៀវយៀក អ៊ុមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ ដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២ កន្លែង គឺ ទី១. សិប្បកម្មផលិតស្រាថ្នាំ របស់ក្រុមហ៊ុនធានឆាវជៀវយៀក អ៊ុមផត អិចផត ឯ.ក នៅខេត្តស្វាយរៀង និងទី២. ទីតាំងលក់ស្រាថ្នាំ ស្ថិតនៅរាជធានីភ្នំពេញ ដោយបានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនពាក់ព័ន្ធផងដែរ។

ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់កុំទទួលទានស្រាទាំង៣ប្រភេទខាងលើ និងសូមបងប្អូនអាជីវករឈប់ចែកចាយ ឬ លក់ស្រាទាំងនេះ។ ទន្ទឹមគ្នានេះដែរ សូមអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តារាជធានី-ខេត្ត បន្តសហការ ណែនាំ អប់រំ ទប់ស្កាត់ការចែកចាយ ឬលក់ស្រាថ្នាំទាំង ៣ ប្រភេទខាងលើឲ្យបានម៉ឺងម៉ាត់តាមនីតិវិធីច្បាប់»។


ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល សង្ឃឹមថា ប្រជាពលរដ្ឋ អាជីវករ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ