ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទីនិងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។

ការព្រមានខាងលើធ្វើឡើង កាលពីរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងជួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុក នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមថា មន្រ្តីបរិស្ថានត្រូវរួមគ្នាការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន១៧លាននាក់។ កាលណាមានការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន វាក៏បំផ្លាញមុខមាត់ក្រសួងបរិស្ថាន និងមុខមាត់របស់កម្ពុជាទាំងមូលដែរ។

លោកបណ្ឌិតរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ខ្ញុំសូមក្រើនរំលឹកជាថ្មី ចំពោះមន្ត្រីរាជការមួយចំនួន ដែលមិនគោរព កាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការសាធារណៈ ហើយបើនៅតែបន្តភាពអសកម្ម ក្នុងការចាត់វិធានការច្បាប់ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ជាពិសេសការបំពុលបរិស្ថានទឹកធ្ងន់ធ្ងរ ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺអាចបញ្ឈប់ និងស្នើលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃមន្ត្រីរាជការរបស់ក្រសួង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ