នាយឧត្តមសេនីយ៍ ស ថេត ៖ ការបង្ក្រាបគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលជារឿងស្នួលរបស់សង្គមជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកថា ការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ កក្កដា នេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «បទល្មើសគ្រឿងញៀន មិនមែនជាការងារតែមួយរបស់នគរបាល ឬអាវុធហត្ថនោះទេ តែជាការងាររួមរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមបង្ក្រាប ហើយបទល្មើសមួយនេះ វាមិនទើបតែកើតឡើង នៅពេលនេះទេ គឺបានកើតឡើងមានយូរហើយ តែអ្វីដែលសំខាន់ និងទិសដៅបន្តនោះ យើងទាំងអស់គ្នាត្រូវតែសហការ និងពួតដៃគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាព»។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងពីស្នាដៃរបស់កងកម្លាំងនគរបាលទាំងថ្នាក់ជាតិ និងតាមរាជធានី-ខេត្ត ដែលបានបង្ក្រាប និងរឹបអូសគ្រឿងញៀនជាបន្តបន្ទាប់ ហើយនិងកំពុងបន្តការងារនេះ កាន់តែក្តៅគគុកមិនដកថយនោះទេ។
សារអប់រំដែលត្រូវបានក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ គឺថា «យើងទាំងអស់គ្នា សូមនិយាយថា «ទេ» ចំពោះគ្រឿងញៀន, ចូលរួមលុបបំបាត់គ្រឿងញៀន, ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម, ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន, រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។
ជាការគត់សម្គាល់រយៈពេលប៉ុន្មានខែចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗ ជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់គីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ