ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឱ្យគ្រប់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយអំពីតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV-DTA) ឱ្យបានទូលំទូលាយជូន សិស្ស-និស្សិត និងប្រជាពលរដ្ឋ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី បានរំលឹកជូនអង្គគណៈរដ្ឋមន្ត្រីអំពីសេចក្តីថ្លែងការណ៍ ពិសេសរបស់សម្តេច កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងដោះស្រាយចាំបាច់នានា ចំពោះវិស័យអាទិភាពមួយចំនួនក្នុងនោះមាន «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព» សំដៅផ្តល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋ ដែលខ្វះដីពិតប្រាកដ ដើម្បីអភិវឌ្ឍនៅនឹង កន្លែង និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនោះ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋ និងព្រៃឈើ។

សម្តេចធិបតី បានផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដែលមានគោលដៅ ពីរគឺ កៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវ ក្រវាត់ព្រំដែន។

សម្តេចធិបតី ក៏បានបង្កើតគំនិតផ្តួចផ្តើមពីរទៀត ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាននោះគឺទី១ ប្រគល់ភារកិច្ចជូន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) ក្នុងការរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយ ឥតគិតថ្លៃ  ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ និងទី២ គឺប្រគល់ភារកិច្ចជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានឱ្យបានចប់ សព្វគ្រប់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឱ្យគ្រប់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយអំពីតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV-DTA) ឱ្យបានទូលំទូលាយជូន សិស្សនិស្សិត និងប្រជាពលរដ្ឋ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ