ឧបនាយករដ្ឋមន្រ្តី ស សុខា បង្ហាញជំនឿចិត្តថា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាចនឹងក្លាយជាម្ចាស់ផ្ទះការប្រកួតពិភពលោក
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ដោយជំនឿចិត្តថា កម្ពុជាអាចនឹងក្លាយជាម្ចាស់ផ្ទះ ការប្រកួតកីឡាទូក World Championships នៅពេលខាងមុខ ប្រសិនបើកម្ពុជាប្រជែងទទួលបានលទ្ធផលល្អពីការប្រកួតវគ្គជម្រុះការ ប្រកួតពិភពលោកនៅក្នុងតំបន់អាស៊ាន។
នេះបើតាមការលើកឡើងនៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីអំពីវ ឌ្ឍនការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កាលព្រឹកថ្ងៃទី២២ ខែ សីហា នៅទីស្តីការក្រសួងមហាផ្ទៃ។
ឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងទៀតថា សម្រាប់ការប្រកួតនៅអន្តរជាតិពិសេស គឺការប្រកួតវគ្គជម្រុះកម្រិតពិភពលោក នៅតាមបណ្តាប្រទេសអាស៊ានប្រសិនបើអត្តពលិកទូកកម្ពុជាយើងមានលទ្ធភាពប្រជែងបានចំណាត់ចាប់ពីចំណាត់ថ្នាក់លេខ៣ទៅដល់លេខ១ នាំយកមកជូនជាតិ កម្ពុជាក៏មានគម្រោង នឹងស្នើសុំធ្វើជាម្ចាស់ផ្ទះ World Championships ដូចបណ្តាប្រទេសទាំងអស់នោះដែរ។ដូច្នោះហើយ កម្ពុជាក៏ត្រូវការនូវធានធានចៅក្រមអាជ្ញាកណ្តាលនិងមន្រ្តីបច្ចេកទេសដែលមានជំនាញស្តង់ដារ ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ប្រកួតនេះផងដែរ។
ក្នុងកិច្ចប្រជុំដដែល ឧបនាយករដ្ឋមន្រ្តី ស សុខា ក៏ជំរុញឱ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធយកចិត្តទុកដាក់ខ្ពស់លើផែនការបណ្តុះបណ្តាលកីឡាករកីឡាការិនី ដោយអនុវត្តទៅតាមបែបវិទ្យាសាស្រ្តកីឡា ក្នុងការជំរុញសមត្ថភាពកីឡាករកីឡាការិនីឈានទៅប្រជែងដណ្តើមមេដាយពីការប្រកួតកម្រិតអន្តរជាតិ។ឯកឧត្តមក៏បានលើកទឹកចិត្ត ឱ្យបណ្តាខេត្តដែលមានទន្លេ ត្រូវយកចិត្តទុកដាក់បង្កើតក្រុមកីឡាទូកឱ្យមានគ្រប់វិញ្ញាសា និងហ្វឹកហាត់ឱ្យមានសក្កានុពល ចូលរួមការប្រកួតគ្រប់ព្រឹត្តិការណ៍ដែលរៀបចំដោយសហព័ន្ធ ដើម្បីជាជម្រើសដ៏ល្អសម្រាប់ការចម្រាញ់ជ្រើសរើសបានកីឡាករកីឡាការិនីមានសក្កានុពលចូលរួមនៅក្នុងក្រុមជម្រើសជាតិ ។
ឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានប្រាប់ដល់បណ្តាខេត្តទាំងអស់ត្រៀមកីឡាករកីឡាការិនីត្រៀមចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ នៅខែវិច្ឆិកាខាងមុខ។ទន្ទឹមនេះ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើដល់អភិបាលខេត្តស្វាយរៀង ជួយពន្លឿន ការរៀបចំទីតាំងដីសម្រាប់មជ្ឈមណ្ឌលកីឡាលើកទឹក ដើម្បីសហព័ន្ធបានសាងសង់អគារជូនកីឡាករ កីឡាការិនីគ្រូបង្វឹកសម្រាប់ស្នាក់នៅនិងហ្វឹកហាត់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ