ឌីជីថលអេហ្វស៊ី ប៉ះជាមួយ វិសាខា (វ័យចាស់) ក្នុងក្របខ័ណ្ឌជំនួបមិត្តភាព
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមបាល់ទាត់របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ឌីជីថល អេសស៊ី បានធ្វើការប្រកួតមិត្តភាពជាមួយ ក្រុមបាល់ទាត់វិសាខា (វ័យចាស់) ដែលជំនួបមិត្តភាពនេះ បានធ្វើឡើងនៅឯកីឡាដ្ឋានក្លឹមបាល់ទាត់វិសាខា។
មុនការប្រកួតមកដល់ ក្រុមបាល់ទាត់របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ ក៏បានធ្វើទស្សនកិច្ចជុំវិញកីឡាដ្ឋានវិសាខា ដោយតំណាងរបស់ក្លឹបវិសាខា បានធ្វើបទបង្ហាញពីប្រវត្តិរបស់ក្លឹប និងកីឡាដ្ឋាន ដែលក្លឹបវិសាខាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយឡែកកីឡាដ្ឋាន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧, បន្ទាប់មកតំណាងក្លឹបវិសាខា បានបន្តធ្វើបទបង្ហាញពីអគារស្នាក់នៅរបស់កីឡាករ, ការិយាល័យ, បន្ទប់ធ្វើចលនាសាច់ដុំ, បន្ទប់ហាត់កាយសម្បទា, អាហារដ្ឋាន, សាលបាល់ទះ, ហាងលក់សំលៀកបំពាក់ក្លឹបវិសាខា និងកន្លែងទស្សនាបាល់ទាត់ ដែលជាកីឡដ្ឋានមួយ ក្នុងចំណោមកីឡដ្ឋានផ្សេងៗ ក្នុងប្រទេសកម្ពុជា។
ក្នុងការប្រកួតមិត្តភាពនេះដែរ ក៏មានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រួមជាមួយក្រុមកីឡាករបាត់ទាត់ ក្នុងក្រុមវិសាខាជាច្រើនរូប។ ការរៀបចំការប្រកួតជំនួបមិត្តភាពរវាង ឌីជីថលអេហ្វស៊ី និង វិសាខាវ័យចាស់ នាពេលនេះ គឺក្នុងគោលបំណងសំខាន់ៗមួយចំនួន ដូចជា ការបង្កើតនូវចំណងមិត្តភាពរវាងក្រុមកីឡាបាល់ទាត់ក្នុងក្របខ័ណ្ឌរដ្ឋ ជាមួយក្រុមបាល់ទាត់ក្របខ័ណ្ឌឯកជន , លើកកម្ពស់សុខភាព , ពង្រឹង និងពង្រីកសហប្រតិបត្តិការ រវាងមន្ត្រីរាជការ នៅតាមក្រសួងនិងស្ថាប័នរដ្ឋ ជាពិសេសជំរុញ និងបំផុសស្មារតីស្រឡាញ់ចូលចិត្ត លេងកីឡាដើម្បីសុខភាព,និងការបំផុសស្មារតីចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡា ជាដើម។
គួររំលឹកផងដែរថា កន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបចំនូវព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីបណ្តាលអគ្គនាយកដ្ឋានទាំងអស់ចំណុះឱ្យក្រសួងមហាផ្ទៃ។
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ នាពេលកន្លងមក បានបំផុសស្មារតីស្រលាញ់កីឡា កីឡារស់ក្នុងសន្តិភាព ជាពិសេស គឺបានជួយជំរុញស្មារតីស្រលាញ់កីឡានេះកាន់តែមានភាពរស់រវើក ជាងឆ្ងាយពីគ្រឿងញៀន៕