ភ្នំពេញ ៖ ទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចុះឆែកឆេរស្វែងរកវត្ថុហាមឃាត់តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស សំដៅធានាសន្តិសុខ សុវត្ថិភាព បង្ការទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទូរស័ព្ទដៃ និងគ្រឿងញៀន រួមទាំងវត្ថុសម្ភារៈបង្កហានិភ័យដែលជនជាប់ឃុំលួចលាក់នាំចូល ឬរក្សាទុក ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធនាគារ។

អនុវត្តន៍តាមគោលការណ៍អនុញ្ញាតដ៏ខ្ពងខ្ពស់របស់ អភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤  លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់បញ្ជាមុឺងមាត់បើកយុទ្ធនាការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងរាជធានី-ខេត្ត។ នាវេលាដដែរនោះ លោក អគ្គនាយក បានចុះដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមជាមួយ និងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ សរុបចំនួន៤៤៧នាក់ ចុះឆែកឆេរមណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ។

កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង៣:៣០នាទីរសៀល។ ជាលទ្ធផលក្នុងក្របខណ្ឌទូទាំងប្រទេសបានរកឃើញ និងដកហូតទូរស័ព្ទ ចំនួន២គ្រឿង និងវត្ថុហាមឃាត់មួយចំនួនដែលមិនផ្តល់ផលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារឡើយ។

លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងប្រតិបត្តិការចុះឆែកឆេរនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងស្នងការដ្ឋានរាជធានី-ខេត្ត ចំនួន៤៦៩នាក់ ទូទាំងរាជធានី-ខេត្ត ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន១៥៧៥នាក់ សរុបទាំងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារមាន ចំនួន២០៤៤នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍សំរាប់ការងារគ្រប់គ្រងពន្ធនាគារប្រកបដោយ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ